ឯកឧត្តម ស្វាយ ស៊ីថា អញ្ជើញដឹកនាំវគ្គបណ្តុះបណ្តាលពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់មួយស្តីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» នៅទីរួមខេត្តកណ្តាល ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យា AI ដែលអាចត្រូវបានគេយកទៅប្រើប្រាស់ក្នុងការបង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ព្រមទាំង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ វគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមយ៉ាងកុះករពីតំណាងមន្ទីរព័ត៌មានខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ ក្រុមការងារព័ត៌មាន និងសាធារណមតិ យុវជនឃុំ-សង្កាត់ និងក្រុមការងារចុះមូលដ្ឋានសរុបជិត ៨០០នាក់។

យ៉ាងណាមិញ ការរៀបចំសិក្ខាសាលានេះ មិនត្រឹមតែជួយបំប៉នសមត្ថភាព និងបង្កើនចំណេះដឹងដល់មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជំនាញជាក់ស្តែងក្នុងការកំណត់អត្តសញ្ញាណ និងវិធីសាស្ត្រឆ្លើយតបត្រឡប់វិញទៅនឹងព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងបកស្រាយបំភ្លឺជូនសាធារណជនបានច្បាស់លាស់ ដើម្បីរក្សាបាននូវស្ថិរភាពព័ត៌មាន សន្តិសុខសង្គម និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងដល់មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិ តាមរយៈការចែករំលែកបទពិសោធន៍លើការវិវត្តនៃបច្ចេកវិទ្យា AI ផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធីសាស្ត្រឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

👉 ចូលគ្រុប តេលេក្រាម ៖ https://t.me/theonemediakhmer
====================
ចុះផ្សាយ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ដោយ THE ONE NEWS
#ព័ត៌មានជាតិ #សេដ្ឋកិច្ច #ព័ត៌មានអន្តរជាតិ #news #theonenews #ព័ត៌មានថ្មីៗ

Leave a Reply

Your email address will not be published. Required fields are marked *