រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកចរាចរណ៍ ៣ថ្ងៃ ជុំវិញពិធីបុណ្យភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញគោលការណ៍ណែនាំសំខាន់ៗ ដើម្បីបង្កើនសុវត្ថិភាព និងសម្រួលលំហូរចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

យោងតាមការបញ្ជាក់របស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ តាមរយៈបណ្តាញសង្គម កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ គោលការណ៍ណែនាំសំខាន់ៗរួមមាន៖

ទី១៖ រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍នៅមុន និងក្រោយពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេលសរុប ៣ថ្ងៃ ដើម្បីកាត់បន្ថយការកកស្ទះ និងហានិភ័យគ្រោះថ្នាក់ចរាចរណ៍។

ទី២៖ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីនគរបាលចរាចរណ៍ ត្រូវបង្កើនការយកចិត្តទុកដាក់សម្រួលចរាចរណ៍ ជាពិសេសតាមច្រកចេញ-ចូលរាជធានីភ្នំពេញ ផ្លូវប្រសព្វ និងស្ពានធំៗ ដើម្បីធានាលំហូរចរាចរណ៍ឱ្យមានភាពរលូន។

ទី៣៖ ប្រជាពលរដ្ឋ និងអ្នកដំណើរទាំងអស់ ត្រូវបន្តគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន មានអធ្យាស្រ័យ និងអនុវត្តតាមការណែនាំរបស់មន្ត្រីនគរបាលចរាចរណ៍ដែលកំពុងបំពេញភារកិច្ច។

វិធានការខាងលើមានគោលបំណងបង្កើតលក្ខខណ្ឌធ្វើដំណើរឱ្យកាន់តែមានសុវត្ថិភាព និងរលូន សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារ និងទៅកាន់ទីវត្តអារាមនានា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ៕

Leave a Reply

Your email address will not be published. Required fields are marked *