កម្ពុជា បណ្ដេញជនជាតិថៃ ៣៩នាក់ ពាក់ព័ន្ធការលួចឆ្លងដែន និងចូលដោយទុច្ចរិតក្នុងទីលានយោធា

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិថៃចំនួន ៣៩នាក់ ក្នុងនោះស្រី ១៨នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីពាក់ព័ន្ធបទល្មើសលួចឆ្លងដែនដោយខុសច្បាប់ និងចូលដោយទុច្ចរិតក្នុងទីលានយោធា។

ប្រតិបត្តិការនេះ ត្រូវបានអនុវត្តដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ការបណ្ដេញចេញជនបរទេសដែលប្រព្រឹត្តបទល្មើសនេះ គឺជាការអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ និងស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការពារអធិបតេយ្យភាពជាតិ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យជនល្មើស ឬជនខុសច្បាប់ ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើស ឬសកម្មភាពដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិ និងតំបន់ឡើយ ហើយអាជ្ញាធរនឹងបន្តបង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ស្របតាមនីតិវិធីច្បាប់។

ប្រភពដដែលបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ សមត្ថកិច្ចពាក់ព័ន្ធកំពុងបន្តពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវវែកមុខមេខ្លោង និងជួយសង្គ្រោះជនរងគ្រោះ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *