សៀមរាប៖ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប មានចម្ងាយប្រមាណ ៥២គីឡូម៉ែត្រ ពីក្រុងសៀមរាប។ សហគមន៍នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងការចូលរួមពីសហគមន៍។
នៅរដូវប្រាំង សហគមន៍កំពង់ឃ្លាំងបង្ហាញពីទេសភាពប្លែកមួយបែបទៀត ដោយផ្ទៃទឹកបឹងទន្លេសាបស្រកចុះ បង្ហាញសសរផ្ទះខ្ពស់ៗដែលជាលក្ខណៈពិសេសនៃតំបន់ និងទិដ្ឋភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែច្បាស់លាស់។ ទេសភាពបែបធម្មជាតិ និងវប្បធម៌ក្នុងរដូវនេះ បានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកស្វែងយល់ និងថតរូបទុកជាអនុស្សាវរីយ៍។

ភ្ញៀវទេសចរអាចជិះកាណូត ឬទូកទស្សនាតំបន់បឹងទន្លេសាប ស្វែងយល់ពីរបៀបរស់នៅរបស់ប្រជានេសាទ ទស្សនាផ្ទះខ្ពស់ៗដែលសង់សម្របទៅនឹងការប្រែប្រួលកម្ពស់ទឹកតាមរដូវ ព្រមទាំងទស្សនាសាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលមានលក្ខណៈពិសេសនៅក្នុងសហគមន៍។

ក្រៅពីការទស្សនាទេសភាព ភ្ញៀវក៏អាចស្នាក់នៅក្នុងផ្ទះសំណាក់របស់សហគមន៍ ភ្លក់រសជាតិម្ហូបអាហារប្រពៃណី និងស្វែងយល់ពីទំនៀមទម្លាប់ ក៏ដូចជាប្រពៃណីរស់នៅរបស់ប្រជាជនក្នុងតំបន់ ដែលនៅតែរក្សាបាននូវអត្តសញ្ញាណដ៏ល្អប្រពៃ។

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដែលអាចទស្សនាបានគ្រប់រដូវ។ ជាពិសេសនៅរដូវប្រាំង ភ្ញៀវនឹងទទួលបានបទពិសោធន៍ប្លែកពីរដូវវស្សា ដោយបានស្វែងយល់កាន់តែស៊ីជម្រៅអំពីជីវភាព វប្បធម៌ និងការរស់នៅរបស់ប្រជាជនតំបន់បឹងទន្លេសាប។
អត្ថបទ៖ កញ្ញា ឆុនសម្ផស្ស
រូបភាព៖ SUOY LOEUM

