រដ្ឋបាលខេត្តព្រះសីហនុ បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន _______________

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ នៅសណ្ឋាគារ Seascape Palace ខេត្តព្រះសីហនុ។

បន្ថែមពីលើការសំណេះសំណាល លោកអភិបាលរង បានគួសបញ្ជាក់ថាបញ្ហាសំរាម សំណល់រឹងទីប្រជុំជន និងសំណល់ប្លាស្ទិក ជាបញ្ហាសមូហភាព ដែលទាមទារជាដាច់ខាតនូវ ការចូលរួមពីសំណាក់គ្រប់ភាគី និងគ្រប់ស្ថាប័ន អង្គភាពទាំងអស់ ហើយត្រូវចាប់ផ្តើមចេញពីខ្លួនយើង និងពង្រឹកទៅកាន់មនុស្សជុំវិញខ្លួន។ យើងក៏ត្រូវការជាចាំបាច់នូវការជំរុញ និងការគាំទ្រនានា សំដៅធ្វើយ៉ាងណាពង្រឹងការយល់ដឹង និងពង្រឹងឆន្ទៈក្នុងការចូលរួមពីគ្រប់ភាគី ព្រោះបើមានការយល់ដឹងហើយ តែនៅខ្វះឆន្ទៈអនុវត្ត នោះយើងពិតជាមិនអាចសម្រេចបាននូវភាពស្អាតក្នុងសហគមន៍ ក៏ដូចជាក្នុងខេត្តទាំងមូល ដែលបង្ហាញពីតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ខេត្តឡើយ។

ជាមួយគ្នានេះ លោកអភិបាលរងក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ សូមងាកមកចាប់យកទម្លាប់ល្អ និង ស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមអំពី ការគ្រប់គ្រងសំរាម សំណល់រឹង និងវិធីសាស្រ្តនានាក្នុងកាត់បន្ថយសំណល់ប្លាស្ទិក ដើម្បីរួមគ្នាកសាងកម្ពុជាស្អាត ព្រះសីហនុស្អាត គ្មានសំណល់ប្លាស្ទិក។

Leave a Reply

Your email address will not be published. Required fields are marked *