ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ និង លោក អៀន ហូសឃីន (Ian Hoskins) ប្រធានផ្នែកនៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិនៃសហភាពអឺរ៉ុប បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំអនុក្រុមស្តីពីសហប្រតិបត្តិការ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំអនុក្រុមនេះ ភាគីទាំងពីរបានត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត ដែលរួមមានវិស័យថាមពល អប់រំ និងការអភិវឌ្ឍជំនាញ អភិបាលកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគាំពារសង្គម កសិកម្ម ការវិនិយោគ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ក៏ដូចជាច្រកទ្វារសកល និងកិច្ចសហប្រតិបត្តិការអាស៊ាន។
ភាគីទាំងពីរក៏បានពិភាក្សាលើវិធីដើម្បីបន្ស៊ីការគាំទ្ររបស់សហភាពអឺរ៉ុបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសការជំរុញអន្តរកាលបៃតង និងឌីជីថល មូលធនមនុស្ស និងលើកកម្ពស់កំណើនប្រកបដោយបរិយាបន្ន និងចីរភាព៕

