បណ្តាញអគ្គលេខាធិការដ្ឋាន ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ គឺជាគំនិតផ្តួចផ្តើមមួយសម្រាប់ ផ្តល់ជាយន្តការកែលម្អប្រព័ន្ធការងារ សម្របសម្រួល ការសហការដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ការគាំទ្រ និងចែករំលែកធនធានទៅវិញទៅមក ព្រមទាំងចូលរួមអនុវត្តគោលនយោបាយរួម។ តាមរយៈការរៀបចំផែនការសកម្មភាព ការកំណត់សូចនាករនិងវាយតម្លៃសមិទ្ធកម្មជាមួយគ្នា បណ្តាញនេះ នឹងមានរបបប្រជុំទៀងទាត់ដើម្បីតាមដានវឌ្ឍនភាពការងារ ការប្រឈម និងចូលរួមដោះស្រាយបញ្ហារួមគ្នា ដោយមានការផ្សាភ្ជាប់ជាមួយយន្តការលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម និងការអភិវឌ្ឍសមត្ថភាពផ្សេងទៀត ដែលជាប្រយោជន៍សម្រាប់បណ្តាញអគ្គលេខាធិការដ្ឋាននេះ។

តាមរយៈកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ នារសៀលនេះ គំនិតផ្តួចផ្តើម បង្កើតបណ្តាញអគ្គលេខាធិការដ្ឋាន ក្រសួង ស្ថាប័នទទួលបានការគាំទ្រ និងជឿជាក់ថាយន្តការនេះ នឹងពិតជាបាន ជួយសម្រួលការងាររវាងក្រសួង ស្ថាប័ន និងកាត់បន្ថយរបាំងរដ្ឋបាលនានា។ កិច្ចប្រជុំនារសៀលនេះ ថែមទាំងបាន គិតគូរបន្ថែមទៀត លើការរៀបចំថ្នាលព័ត៌មានវិទ្យារួម ក្នុងការបញ្ចូន និងទទួលឯកសារ ដែលអាចជួយ កាត់បន្ថយរបាំងពេលវេលា ក៏ដូចជារបាំងឧបសគ្គនៃចរន្តឯកសារជាដើម។

នេះជាជំហានថ្មីមួយបន្ថែមទៀតក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការគាំទ្រ និងការបំពេញការងារឱ្យគ្នាទៅវិញទៅមក ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងបន្តការកែទម្រង់រដ្ឋបាលសាធារណៈ ដោយសម្រួចមុំ ដើម្បីរៀបចំផ្ទះឱ្យរៀបរយ ហើយនាំប្រព័ន្ធរដ្ឋបាលនីមួយៗ មកជាប្រព័ន្ធរដ្ឋបាលតែមួយ។

