រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២៦) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦ យ៉ាងមហោឡារិក នៅបរិវេណវិមានឯករាជ្យ ស្ថិតក្នុងក្រុងសែនមនោរម្យ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងរំលឹកដល់ព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងព្រះរាជបេសកកម្មដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងការតស៊ូទាមទារឯករាជ្យពេញបរិបូរណ៍ជូនជាតិមាតុភូមិកម្ពុជា ពីអាណានិគមនិយមបារាំង រហូតទទួលបានឯករាជ្យជាតិពេញលេញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ការប្រារព្ធពិធីនេះ ក៏ជាការរំលឹកដល់គុណបំណាច់ដ៏ធំធេងរបស់ព្រះមហាវីរក្សត្រ ព្រមទាំងជាការបង្ហាញពីស្មារតីស្នេហាជាតិ ការដឹងគុណ និងការប្តេជ្ញាចិត្តរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការថែរក្សាសុខសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសាមគ្គីភាពជាតិ ឱ្យបានគង់វង្សតរៀងទៅ។

#បុណ្យឯករាជ្យជាតិ៩វិច្ឆិកា #ខួបលើកទី៧៣ #ខេត្តមណ្ឌលគិរី #កងយោធពលខេមរភូមិន្ទ #ស្មារតីស្នេហាជាតិ

Leave a Reply

Your email address will not be published. Required fields are marked *