សម្តេចធិបតីនាយករដ្ឋមន្ត្រី និងប្រធានាធិបតីបារាំង Emmanuel MACRON បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសង្កត់ធ្ងន់ពីការបន្តពង្រឹង និងពង្រីកភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែរីកចម្រើន និងស៊ីជម្រៅថែមទៀត។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខនិងការពារជាតិ ថាមពល សុខាភិបាល អប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត វប្បធម៌ និងកសិកម្ម។
ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរួម ចំពោះពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី។ នាឱកាសនៃទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកសារកិច្ចសហប្រតិបត្តិការសរុបចំនួន ២៩ ត្រូវបានចុះហត្ថលេខា បន្ថែមលើសេចក្តីប្រកាសនយោបាយរួម។
#Francophonie #Cambodia
