ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោក មីន អោងឡាំង ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានរដ្ឋសភា ក្នុងឱកាសលោកអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មីន អោងឡាំង នៅកម្ពុជា មានរយៈពេល២ថ្ងៃ និងធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ លោកប្រធានាធិបតី មីន អោងឡាំង បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា។

លោកបានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួបជាមួយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជំនួបរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ត្រូវបានរំពឹងថា នឹងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងមីយ៉ាន់ម៉ា៕
អត្ថបទ៖ វង សុភ័ក្ត្រ

