គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០ ………………………..

សេចក្តីព្រាងផែនការសកម្មភាពជាតិនេះ មាន ៧ផ្នែក ត្រូវបានរៀបចំឡើងដោយអនុលោមតាមក្របខ័ណ្ឌជាតិនិងក្របខ័ណ្ឌអន្តរជាតិ ក្នុងគោលបំណងកាត់បន្ថយអំពើហិង្សាលើស្ត្រី រួមទាំងក្រុមដែលមានហានិភ័យខ្ពស់ តាមរយៈការបង្កើតកិច្ចអន្តរាគមន៍ ការបង្ការទប់ស្កាត់ ការបង្កើនការឆ្លើយតប ការទទួលបានសេវាប្រកបដោយគុណភាព និងការសម្របសម្រួលពហុវិស័យនិងកិច្ចសហការ។

សេចក្តីព្រាងផែនការសកម្មភាពជាតិនេះ មានសារៈសំខាន់ក្នុងការបន្តរួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (ស៊ី-ដ) ពិធីសារបន្ថែមលើអនុសញ្ញានេះ និងលើលិខិតូបករណ៍អន្តរជាតិ។ ផ្អែកលើក្របខ័ណ្ឌច្បាប់ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងការវាយតម្លៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនានាពាក់ព័ន្ធការទប់ស្កាត់អំពើហិង្សាលើស្ត្រី ជាពិសេស ការអនុវត្តផែនការសកម្មភាពជាតិនេះ បានបញ្ជាក់ថា ប្រទេសកម្ពុជាបាននិងកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ ក្នុងការបំពេញកាតព្វកិច្ចជារដ្ឋភាគីនៃការអនុវត្តអនុសញ្ញា (ស៊ី-ដ) និងលើលិខិតូបករណ៍អន្តរជាតិមួយចំនួន ជាពិសេសការទប់ស្កាត់អំពើហិង្សាលើស្ត្រី។

ជាទិសដៅ កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្ម ដើម្បីធានាថា ស្ត្រីត្រូវបានការពារនិងមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ព្រមទាំងធានាឱ្យបានថា ស្ត្រីទាំងអស់នឹងរស់នៅក្នុងបរិយាកាសមួយប្រកបដោយភាពថ្លៃថ្នូរ ការអភិវឌ្ឍ ក្តីស្រឡាញ់ និងកិច្ចការពារ សំដៅបញ្ចប់ឱ្យបាននូវអំពើហិង្សាលើស្ត្រីគ្រប់ទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងឈានទៅសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា នៅត្រឹមឆ្នាំ២០៣០៕

Leave a Reply

Your email address will not be published. Required fields are marked *