ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងបណ្ណសារក្រសួងអធិការកិច្ច

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងបណ្ណសារក្រសួងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៅទីស្តីការក្រសួង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងស្តាប់បទបង្ហាញលម្អិតអំពីវឌ្ឍនភាពការងារពីថ្នាក់ដឹកនាំទទួលបន្ទុក ព្រមទាំងពិភាក្សា ផ្លាស់ប្តូរយោបល់ និងប្រមូលធាតុចូលសំខាន់ៗពាក់ព័ន្ធនឹងទម្រង់ ខ្លឹមសារ និងគោលការណ៍គ្រឹះនានា ដើម្បីកែលម្អសេចក្តីព្រាងគោលការណ៍ណែនាំនេះឱ្យកាន់តែមានភាពពេញលេញ និងសមស្រប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារទទួលបន្ទុក ដែលបានខិតខំប្រឹងប្រែងរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំនេះឡើង។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធបន្តពិនិត្យ ពិភាក្សា ផ្តល់ធាតុចូល និងកែសម្រួលលើចំណុចចាំបាច់នានា ដើម្បីធានាថាសេចក្តីព្រាងនេះមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ឯកឧត្តម សុខ សូកេន បានគូសបញ្ជាក់ថា៖ «ការបង្កើតឱ្យមានបណ្ណសារក្រសួងអធិការកិច្ច គឺពិតជាមានសារៈសំខាន់ ដើម្បីជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការសម្រេចចិត្ត ការគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន ព្រមទាំងការរក្សាការសម្ងាត់នៃការងាររបស់ក្រសួង»។

ជារួម កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃការជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងបណ្ណសារក្រសួងអធិការកិច្ច ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្របតាមបទប្បញ្ញត្តិជាធរមាន ដើម្បីជួយពង្រឹងប្រព័ន្ធគ្រប់គ្រងឯកសារ និងការងាររដ្ឋបាលរបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព។

ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦៕

#សុខសូកេន #ក្រសួងអធិការកិច្ច #ការគ្រប់គ្រងបណ្ណសារ #កំណែទម្រង់រដ្ឋបាល #ព័ត៌មានជាតិ

Leave a Reply

Your email address will not be published. Required fields are marked *